Search

Samsung បញ្ចេញ​កុំព្យូទ័រ​ដែល​​​មាន​អេក្រង់​កម្រិត​​ 4K ជា​លើក​ដំបូង

ក្រុមហ៊ុន​ Samsung បាន​បញ្ចេញ​​កុំព្យូទ័រ​ស៊េរី​ថ្មី​របស់​ខ្លួន​​មាន​អេក្រង់​ដែល​អាច​បង្ហាញ ​រូបភាព​បាន​ច្បាស់​ល្អ​ ព្រម​ទាំង​មាន​ល្បឿន​លឿន​ជាង​មុន​​ផង​ដែរ។
 ATIV Book 9 Pro ​គឺ​ជា​កុំព្យូទ័រ​មួយ​ដែល​ស័ក្ដិសម​ទៅ​នឹង​ការ​ប្រើ​ប្រាស់​​លើ​ការងារ​ ទំហំ​ធំ​ដូច​ជា​ កាត់​ត​រូបភាព​ ឬ​វីដេអូ​ និង​ការ​លេង​ហ្គេម​បែប​3D ជា​ដើម។ សម្រាប់​កុំព្យូទ័រ​នេះ​ក្រុមហ៊ុន​ Samsung បាន​បំពាក់​នូវ​ CPU ជំនាន់​ចុង​ក្រោយ​របស់​ Intel គឺ​ Skylake Processor Intel Core i-7 និង​មាន​អេក្រង់​ទំហំ​ ១៥,៦​អ៊ីញ ​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ 4K ព្រម​ទាំង​មាន​បំពាក់​ក្រាហ្វិក​ប្រភេទ​ NVIDIA GeForce GTX 950M។ ​ថ្ម​របស់​កុំព្យូទ័រ​នេះ​​មាន​សុពលភាព​អាច​ប្រើ​ប្រាស់​បាន​រយៈ​ពេល​ ៦,៥​ម៉ោង​ តួ​ខ្លួន​ផលិត​ពី​សារធាតុ​អាលុយមីញ៉ូម​ទាំង​ស្រុង​ដែល​មាន​ទម្ងន់​​​ជាង​២​ គីឡូក្រាម។
 បន្ថែម​ពី​នេះ​វា​ក៏​មាន​បំពាក់​នូវ​ RAM ទំហំ​៨GB, អង្គ​ផ្ទុក​ទិន្នន័យ​ប្រភេទ​ SSD ល្បឿន​លឿន​ ទំហំ​២៥៦GB, រន្ធ​ដោត​ USB ​Type C, ឧបករណ៍​​បំពង​សំឡេង​ចំនួន​បួន​ និង​មាន​ Wi-Fi ដែល​មាន​ល្បឿន​លឿន។ ​​​កុំព្យូទ័រ​ដែល​មាន​សមត្ថភាព​ពិសេស​ដូច​នេះ​ត្រូវ​បាន​ដាក់​លក់​ក្នុង​ តម្លៃ​ចាប់​ពី​ ១ ៥៩៩​ដុល្លារ។

ស្រប​ពេល​ដែល​បង្ហាញ​នូវ​ ATIV Book 9 Pro ក្រុមហ៊ុន​ Samsung ក៏​បាន​បង្ហាញ​​កុំព្យូទ័រ​មួយ​ប្រភេទ​ទៀត​គឺ ATIV Book 9 Spin។ សម្រាប់ ​ATIV Book 9 Spin នេះ​គឺ​​វា​មាន​អេក្រង់​ដែល​អាច​ដោះ​ចេញ​ និង​បង្វិល​បាន​៣៦០​ដឺក្រេ​ ​ដើម្បី​អាច​ប្រើ​ប្រាស់​ជា​កុំព្យូទ័រ​ឬ​ Tablet។ តម្លៃ​របស់​វា​គឺ​ថោក​ជាង​ ATIV Book 9 Pro បន្តិច​ គឺ​ចាប់​ពី​ ១ ៣៩៩​ដុល្លារ​ ដោយ​វា​មាន​អេក្រង់​ទំហំ​១៣,៣​អ៊ីញ, CPU Core i-7, RAM ទំហំ​៨GB។ ​តួ​ខ្លួន​របស់​វា​ក៏​ផលិត​ពី​សារធាតុ​អាលុយមីញ៉ូម​ដែរ​ ប៉ុន្តែ​វា​មាន​ទម្ងន់​តែ​១,៣​គីឡូក្រាម​ប៉ុណ្ណោះ។

ក្រុមហ៊ុន​ Samsung បាន​ឲ្យ​ដឹង​ផង​ថា ​កុំព្យូទ័រ​ទាំង​ពីរ​ម៉ូដែល​ខាង​លើ​នឹង​មាន​ដាក់​លក់​នៅ​ខែ​ក្រោយ​នេះ​​ ដោយ​​មាន​លក់​ផ្ដាច់​មុខ​នៅ​លើ​វិបសាយ​របស់​ខ្លួន៕​​​​​​​​​​